អ្នកធ្វើវីដេអូ YouTube ជិត ១លាននាក់ កំពុងរកលុយពីមុខងារ Shorts

រយៈពេលមួយឆ្នាំបន្ទាប់ពី YouTube បើកដំណើរការមុខងាររកចំណូលពីវីដេអូទម្រង់ខ្លី YouTube Shorts អ្នករកចំណូលពីមុខងារនេះបន្តកើនឡើងជាលំដាប់។ ជាក់ស្ដែង មានម្នាក់ ក្នុងចំណោម ៤នាក់ ស្ថិតក្នុងកម្មវិធីរកចំណូល Partner Program គឺកំពុងទទួលបានចំណូលពីមុខងារ Shorts។ YouTube បានឲ្យដឹងថាបច្ចុប្បន្នមានអ្នកផលិតវីដេអូជាង ៣លាននាក់ កំពុងស្ថិតក្នុងកម្មវិធីរកប្រាក់ចំណូល Partner Program មានន័យថា មានប្រមាណ ៧៥ម៉ឺននាក់ គឺកំពុងរកប្រាក់ចំណូលពីវីដេអូទម្រង់ខ្លី YouTube Shorts។ ក្រុមហ៊ុន YouTube មិនបានបង្ហាញថាខ្លួនបានចែកប្រាក់ចំណូលប៉ុន្មានទៅកាន់អ្នកផលិតវីដេអូ Shorts នោះទេ ប៉ុន្តែក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ YouTube បានចែកប្រាក់ចំណូលដល់អ្នកផលិតវីដេអូសរុប ៧០ពាន់លានដុល្លារ ដោយមួយផ្នែកធំគឺបានទៅលើវីដេអូទម្រង់វែង។ ងាកទៅមើលតួលេខពី YouTube Shorts ឃើញថាមានកំណើនចំនួនវីដេអូដែលបង្ហោះ ចំនួន ៥០% ធៀបនឹងកាលពីឆ្នាំមុន ហើយបច្ចុប្បន្នមានចំនួនទស្សនា ៧០ពាន់លានដងក្នុងមួយថ្ងៃ ៕